អ្នកគួរធ្វើរឿង ៥ យ៉ាងនេះនៅថ្ងៃចុងសប្ដាហ៍ បើចង់អភិវឌ្ឍន៍ជីវិតឲ្យកាន់តែប្រសើរឡើង

បុគ្គលមួយចំនួនធំបានចាត់ទុកថ្ងៃចុងសប្តាហ៍ជាពេលវេលាសម្រាប់កម្សាន្ត។ ផ្ទុយទៅវិញ សម្រាប់បុគ្គលដែលមានផ្នត់គំនិតរីកចម្រើន ពួកគេយកពេលវេលានេះដើម្បីធ្វើការសិក្សាអភិវឌ្ឍន៍ខ្លួនឯង ឆ្លុះបញ្ចាំងពីខ្លួនឯង និងរៀបចំផែនការសកម្មភាពថ្មីដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ។

ខាងក្រោមនេះ គឺជារឿងគួរធ្វើ ៥ យ៉ាងនៅថ្ងៃចុងសប្ដាហ៍ ដើម្បីអភិវឌ្ឍន៍ជីវិតខ្លួនឯងឲ្យកាន់តែប្រសើរឡើងៗ

១. ចំណាយពេលវេលាជាមួយគ្រួសារ៖ គ្រួសារពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សគ្រប់រូប។ នៅថ្ងៃនៅថ្ងៃចុងសប្តាហ៍អ្នកគួរតែចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ខ្លះផង។ ត្រូវធ្វើឲ្យជីវិតមានតុល្យភាពរវាងការងារ និងគ្រួសារ។

២. ធ្វើលំហាត់ប្រាណ៖ សុខភាពជាកំណប់ទ្រព្យដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានទេ ប្រសិនបើអ្នកមិនមានសុខភាពល្អ អ្នកអាចនឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ ដូច្នេះទម្លាប់ថ្ងៃចុងសប្តាហ៍ អ្នកគួរតែធ្វើការលេងកីឡា ហាត់ប្រាណដើម្បីសុខភាពល្អ។

៣. រៀបចំផែនការសម្រាប់សប្ដាហ៍បន្ទាប់៖ ថ្ងៃចុងសប្ដាហ៍ គឺជាពេលវេលាល្អបំផុត ដើម្បីឲ្យអ្នកអាចធ្វើការរៀបចំផែនការ គោលដៅ និងអ្វីដែលអ្នកចង់សម្រេចបាននាពេលបន្ទាប់។

៤. ឆ្លុះបញ្ចាំងពីខ្លួនឯង៖ បន្ទាប់ពីបំពេញការងារបានមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែ អ្នកអាចយកពេលវេលាចុងសប្តាហ៍នេះ ធ្វើការឆ្លុះបញ្ចាំងអំពីខ្លួនឯងវិញ ថាតើអ្នកសម្រេចបានលទ្ធផលប៉ុន្មានភាគរយនៃអ្វីដែលអ្នកបានដាក់ចេញ។ តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យគោលដៅរបស់អ្នកបរាជ័យ? តើគួរធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យខ្លួនឯងមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើងថែមទៀត។

៥. បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន៖ ទំនាក់ទំនងពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ភាពរីកចម្រើននៅក្នុងការងារ មុខជំនួញនិងអាជីពរបស់អ្នក។ ថ្ងៃចុងសប្តាហ៍អ្នកគួរតែចំណាយពេលវេលា បង្កើតទំនាក់ទំនងជាមួយដៃគូអាជីវកម្ម មិត្តភក្កិ ឬមនុស្សដែលពូកែជាងអ្នក ដែលពួកគេទាំងអស់នោះក្លាយជាអ្នកដែលជម្រុញ លើកទឹកចិត្ត ឱ្យអ្នកកាន់តែខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅ។
សម្រាប់អ្នកទាំងអស់គ្នាវិញ តើអ្នកទាំងអស់គ្នាបានចំណាយពេលវេលាថ្ងៃចុងសប្តាហ៍សម្រាប់ធ្វើអ្វីដែរ តើវាបានធ្វើឱ្យអ្នកទាំងអស់គ្នាមានភាពសប្បាយរីករាយនិងភាពរីកចម្រើនដែរឬទេ”? ប្រសិនបើវាមិនបានធ្វើឱ្យអ្នកទាំងអស់គ្នា មានភាពរីកចម្រើនទេ សូមធ្វើការផ្លាស់ប្ដូរខ្លួនឯងមកអនុវត្តនូវទម្លាប់ទាំង ៥ លើនេះ ដើម្បីភាពរីកចម្រើននាពេលអនាគត។

 

 

 

 

 

ប្រភព៖ Business Cambodia

បញ្ចេញមតិ