ផឹកទឹកតែ ជាប្រចាំ ធ្វើឱ្យខួរក្បាលមានសុខភាពល្អ

លោក Feng Lei ជំនួយការសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៃ Yong Loo Lin School of Medicine របស់សាកលវិទ្យាល័យ National University of Singapore បានរៀបរាប់ថា​៖ “លទ្ធផលរបស់យើងគឺជាភ័ស្តុតាងបង្ហាញពីភាពវិជ្ជមាន រួមចំណែកក្នុងការបកស្រាយថា ផឹកតែជួយរៀបចំរចនាសម្ព័ន្ធខួរក្បាល ការពារ ប្រឆាំងទៅនឹងភាពចាស់​សឹកនៃខួរក្បាលដែលប្រើប្រាស់ច្រើន” ។

តាមការសិក្សាស្រាវជ្រាវពីឆ្នាំ ២០១៧ ក៏បានបង្ហាញថា តែមានសារសំខាន់សម្រាប់សុខភាពមនុស្ស ជំនួយស្មារតី និង ការពារពីជំងឺសរសៃឈាមបេះដូង ។ បន្តពីការស្រាវជ្រាវនេះ លោក Feng និង ក្រុមរបស់គាត់ បានសិក្សាស៊ីជម្រៅបន្ថែមទៅលើប្រព័ន្ធខួរក្បាលផ្ទាល់ ដោយយកមនុស្សអាយុ ៦០ ឆ្នាំចំនួន ​៣៦ នាក់ មកប្រមូលទិន្នន័យពីសុខភាពខួរក្បាល និង របៀបរស់នៅរបស់ពួកគេ ។ បន្ទាប់មកលទ្ធផលពីរូបភាពខួរក្បាលបានបង្ហាញថា អ្នកដែលផឹកតែ​ មិនថាតែបៃតង តែក្រហម ឬ តែប្រភេទផ្សេងទៀត ៤ ដង ក្នុងមួយសប្តាហ៍ប្រហែល ២៥ ឆ្នាំ មានប្រព័ន្ធខួរក្បាលដែលតភ្ជាប់គ្នាយ៉ាងល្អ ហើយមានប្រព័ន្ធចងចាំល្អជាងអ្នកមិនផឹកតែ ដែលវាផ្ទុយស្រលះពីអ្នកដែលចូលចិត្តពិសារស្រា៕

តើអ្នកយល់យ៉ាងណាដែរ?

បញ្ចេញមតិ